ffo-version5

neak-porn5

version1

itkonkhmer-banner-190-230

khmerlists-ads

ស្វែង​យល់​ពី​អង្គរ​

រមណីដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​៤០១​គម២​។ រមណី​យដ្ឋាន​នេះគឺ​ជា​អតីត​រាជ​ធានី​​របស់​អាណាចក្រ​ខ្មែរ​ពី​សតវត្ស​ទី​៩​ដល់​ទី​១៥។​ អង្គរ​ដែល​មាន​​​ស្ថាបត្យកម្ម​ដ៏​ប្រណីត​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​គួរ​ជា​ទី​មោទនៈ​ទាំង​ផ្នែក​ តុបតែង​លម្អ​និង​ទំហំ​ជា​ស្នាដៃ​ឯក​មួយ ​លើ​ពិភពលោក​ក្នុង​យុគសម័យ​មុន​ការ​អភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម​។  

រមណីយដ្ឋានអង្គរមាន​ប្រាសាទនិងសំណង់ស្ថាបត្យកម្ម ​ចំនួន​៩១ដែល​ បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភពលោក។ សម្បត្តិទាំងនេះ មាន​តម្លៃពិសេសផ្នែក​ប្រវត្តិ​សាស្រ្តធម្មជាតិ​និងបុរាណវិទ្យា​ នៅតំបន់ អាស៊ី​​អាគ្នេយ៍។ ស្ថាបត្យ​កម្ម​បុរាណ​​ទាំងនេះរួមមាន អង្គរវត្ត បាខែង ចាគង បក្សីចាំក្រុង បន្ទាយ​ក្ដី បន្ទាយសំរ៉ែ បាពួន ចៅ​សាយ​ទេវ​តា បារាយខាងកើត មេបុណ្យខាងកើត ក្បាលស្ពាន ក្រុមប្រាសាទ​ឃ្លាំង​ ក្រោលគោ លលៃ នាគព័ន្ធ ភិមាន​អាកាស ភ្នំក្រោម ប្រាសាទ​អកយំ ក្រវ៉ាន់ ព្រះខ័ន ព្រះគោ ព្រះប៉ាលីឡៃ ព្រះពិធូ ប្រែរូប ស្ពានថ្ម ស្រះស្រង់ តានៃ តាព្រហ្ម តាសោម តាកែវ លានជល់ដំរី លានស្តេច​គម្លង់ ធម្មនន្ទ មេបុណ្យខាងលិច ។ល។  

នាសម័យ​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​លើកទី១៦ក្នុងឆ្នាំ​១៩៩២ នៅទី​ក្រុង​សាន់​តាហ្វេ ប្រទេស​​អាមេរិក រមណីយ​ដ្ឋានអង្គរ​ត្រូវ​បាន​​ដាក់បញ្ចូល​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​ ក្រោម​លក្ខណៈ​វិនិច្ឆ័យ(i) (ii) (iii) និង(iv) សម្រាប់​តម្លៃ​លេចធ្លោ​ជាសកល​ផ្នែក​ប្រវត្តិសាស្រ្ត។ រមណីយដ្ឋាន​អង្គរ​​ដែលស្ថិត​ក្នុងស្ថាន​ភាព​គ្រោះ​ថ្នាក់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ក៏បាន​ចុះក្នុង​​បញ្ជី​​បេតិក​ភណ្ឌ​ពិភព​លោក​ផង​ដែរ។  

 បន្ទាប់ពីការចុះក្នុង​បញ្ជី​នេះ​មក ​សន្និបាតអន្តររដ្ឋាភិបាល​លើកទីមួយ​ស្ដីពីសុវត្ថិភាពនិងការ​អភិវឌ្ឍរមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ​ត្រូវបានរៀប​ចំ​ធ្វើ​ នៅទីក្រុង​តូក្យូ ក្នុង​ខែតុលា​ឆ្នាំ១៩៩៣។ ​បន្ទាប់​មក​គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ​(ICC)ទទួល​បន្ទុក​ខាង​ផ្នែក​​សុវត្ថិភាព​និង​ការអភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តអង្គរ​ ក៏​ត្រូវ​បានបង្កើតឡើង​ដោយមាន​ប្រទេស​បារាំង និង​ប្រទេស​​ជប៉ុន​ជា​សហ​ប្រធាន​ ដោយ​​មាន​​​​អង្គការ​​យូណេស្កូជាអ្នក​សម្រប​សម្រួលនិង​ដើរតួ​ជាលេខា​ធិការ​ដ្ឋានស្ដីទី ​សម្រាប់​ការងារ​​ពិភាក្សា និង​ការ​សម្រេច​ចិត្ត​លើ​​បញ្ហា​​បច្ចេក​ទេស​ដែល​ពាក់ព័ន្ធនឹង​អង្គរ។ ពីរឆ្នាំក្រោយ​មក នៅ​ក្នុង​ឆ្នាំ​១៩៩៥ ព្រះរាជក្រឹត្យ​​នៃព្រះរាជាណាចក្រកម្ពុជា​បានសម្រេច​បង្កើត​ អាជ្ញាធរដើម្បីការពារ​រមណីយដ្ឋាននិងរៀបចំ​តំបន់សៀមរាប អង្គរ (អាជ្ញាធរអប្សរា)។ អាជ្ញាធរនេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ទីស្ដីការគណៈ​រដ្ឋមន្ត្រី និង​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណង​ដើម្បី​ការពារ ​ថែរក្សា​ អភិរក្ស និងលើក​តម្លៃ​ផ្នែក​​បុរាណវិទ្យា វប្បធម៌ បរិស្ថាន​ និង​ប្រវត្តិសាស្រ្ត​តំបន់សៀមរាប-អង្គរទាំងមូល។ ចាប់តាំងពីពេលនោះមក​ មានគម្រោងជាច្រើន​ត្រូវ​បានអនុវត្ត​ជា​ហូរហែរ ​ដោយមានការជួយឧបត្ថម្ភ​ពី​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិនិងប្រទេសនានាក្រោម​កិច្ច​សហការជាមួយ​អាជ្ញាធរ​​​អប្សរា។ រហូត​មកដល់ពេល​នេះទៀត​​សកម្មភាព​សិក្សា​ស្រាវជ្រាវនិងស្ដារ​ឡើងវិញមាន​សភាពរស់រវើក​ នៅក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកមួយ​នេះ ៕ (អត្ថបទ ​គណៈកម្មាធិការជាតិ​បេតិកភណ្ឌពិភពលោក)​

ទំនាក់ទំនង

អាសយដ្ឋាន : អាគារលេខ៣៨(បុរីជីប ម៉ុង) ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
លេខទូរស័ព្ទ :  013 7777 97        ផ្សាយពាណិជ្ជកម្ម : 081 7777 97
គេហទំព័រ : អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។    មែល : អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។